loading...
loading...

វណ្ណ មូលីវណ្ណ៖ ហេតុអ្វីគាត់ថា ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ គួរ​បែរ​ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង

ភ្នំពេញៈ បើ​ទោះ​ជា​អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​ប្រទេស​កម្ពុជា​ធ្លាប់​លើក​ឡើង​ថា ​ ការ​អភិវឌ្ឍ​ទីក្រុង​នៅ​ថ្ងៃ​អនាគត​នឹង​ពង្រីក​ទៅ​ភាគ​ខាង​លិច​ និង​ខាង​ជើង​ទីក្រុង ប៉ុន្តែ​គំនិត​នេះ​វា​ផ្ទុយ​ទៅ​នឹង​គំនិត​របស់​លោក​សាស្រ្តាចារ្យ​ វណ្ណ​ មូលីវណ្ណ​ ដែល​ថា​ ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​គួរ​តែ​សំដៅ​ទៅ​ភាគ​ខាង​ត្បូង​វិញ​ប្រសើរ​ជាង​ ។

វីរ​ស្ថាបត្យករ ​វណ្ណ ​មូលីវណ្ណ ​បាន​ថ្លែង​ទៅ​កាន់​និស្សិត​ខ្មែរ​ជិត​១០០០​នាក់​ដែល​សិក្សា​លើ​ជំនាញ​ ស្ថាបត្យកម្ម និង​សំណង់​ ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Sharing Vast Experience in the Field of Architecture and Construction around the World នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រជាពលរដ្ឋ​មក​រស់​នៅ​ទីក្រុង​កាន់​តែ​ច្រើន​ទៅៗ​ ដែល​ធ្វើ​ឲ្យ​ទីក្រុង​កាន់​តែ​ចង្អៀត ដូច្នេះ​ការ​អភិវឌ្ឍ​ទីក្រុង​គឺ​រឿង​ចាំបាច់​ ប៉ុន្តែ​ការ​ពង្រីក​ទីក្រុង​នេះ​គេ​គួរ​តែ​ពង្រីក​ទៅ​ភាគ​ខាង​ត្បូង​ស្រប ទន្លេ​បាសាក់​ ឆ្ពោះ​ទៅ​ទីក្រុង​តាខ្មៅ​ទើប​ល្អ​ប្រសើរ​។

លោក​សាស្រ្តាចារ្យ​រូប​នេះ​បាន​បញ្ជាក់​ថា​៖«ភ្នំពេញ​ជា​រាជធានី របស់​កម្ពុជា ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ និង​មាន​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ។ ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ ចូល​ភ្នំពេញ មាន​ប្រមាណ​៨០​ភាគរយ​ ដូច្នេះ​ភ្នំពេញ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​សកម្មភាព សេដ្ឋកិច្ច​ប្រទេស​កើន​ឡើង​ផង​ដែរ​»។

លោក​សាស្រ្តាចារ្យ​បាន​ប្រាប់​ទៀត​ថា ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ប្រជាជន​មក​រស់​នៅ​ភ្នំពេញ​ អាច​នឹង​កើន​ដល់​៣​លាន​នាក់​ ដែល​អាច​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ត្រូវ​ការ​ផ្ទៃ​ដី​ធំ​ជាង​បច្ចុប្បន្ន​នេះ ​បីដង​ ដោយ​ត្រូវ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ច្រើន​ស្រប​ទៅ​នឹង​កំណើន​ ចំនួន​ប្រជាជន​។

លោក​ថ្លែង​ថា​៖​«ខ្ញុំ​គិត​ថា ​ការ​អភិវឌ្ឍ​ទីក្រុង​ទៅ​ភាគ​ខាង​ត្បូង​ល្អ​ជាង​ទៅ​ភាគ​ខាង​លិច ​ព្រោះ​ភាគ​ខាង​ត្បូង​ជា​តំបន់​ខ្ពស់ ​ហើយ​មាន​ទន្លេ​សម្រាប់​រំដោះ​ទឹក​ចេញ​ឲ្យ​ចៀស​ផុត​ពី​បញ្ហា​គ្រោះ​ទឹក​ ជំនន់​បាន»។ ​លោក​បន្ត​ថា​ គំនិត​នេះ​លោក​បាន​អធិប្បាយ​នៅ​ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា បុរី​ខ្មែរ​សម័យ​ទំនើប ​សម្រាប់​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ស្រាវ​ជ្រាវ​។

លោក ទូស សាភឿន ​ព្រឹទ្ធ​បុរស​នៃ​មហា​វិទ្យាល័យ​ស្ថាបត្យកម្ម​ និង​សំណង់ នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា មាន​ប្រសាសន៍​ថា ​ខ្ញុំ​ឯក​ភាព​ចំពោះ​គំនិត​លោក​សាស្រ្តាចារ្យ​ វណ្ណ ​មូលីវណ្ណ ដែល​បាន​លើក​ឡើង​ថា​ ទីក្រុង​គួរ​តែ​ពង្រីក​ទៅ​ភាគ​ខាង​ត្បូង​ បើ​ទោះ​បី​ជា​ចលនា​នៃ​ការ​វិនិយោគ​បច្ចុប្បន្ន​នៅ​ភាគ​ខាង​លិច​ខ្លាំង​ក៏​ ដោយ​។ ​លោក​បន្ត​ថា​ អ្នក​វិនិយោគ​មិន​បាន​គិត​ពី​បញ្ហា​គ្រោះ​ទឹក​ជំនន់​ឡើយ​ គឺ​គិត​តែ​ពី​អាជីវកម្ម​គេ​តែ​ប៉ុណ្ណោះ​។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ប្រទេស​កម្ពុជា​រៀង​រាល់​៥០​ឆ្នាំ​អាច​នឹង​មាន​គ្រោះ​ទឹក​ជំនន់​ខ្លាំង​ ម្តង​កើត​ឡើង​ ហើយ​ទីក្រុង​ភ្នំពេញ​ ជា​តំបន់​បាត​ខ្ទះ​ងាយ​ទទួល​រង​បញ្ហា​ទឹក​ជំនន់​ខណៈ​នៅ​រដូវ​វស្សា។

លោក​ព្រឹទ្ធ​បុរស​រូប​នេះ​បាន​បញ្ជាក់​ថា៖​«គ្រោះ​ទឹក​ជំនន់​កន្លង​មក​នៅ​ តំបន់​ភាគ​ខាង​លិច​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​ជាតិ​លេខ​៥​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ ប៉ុន្តែ​បើ​តាម​គំនិត​លោក ​វណ្ណ ​មូលីវណ្ណ​ ភាគ​ខាង​ត្បូង​មិន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ទេ ដោយ​ទី​នោះ​មាន​ផ្លូវ​ទឹក​អាច​រំដោះ​បាន​ជា​ពិសេស​ស្ទឹង​ព្រែក​ត្នោត​តែ​ ម្តង​ ហើយ​តំបន់​នេះ​ការ​ធ្វើ​កសិកម្ម​ក៏​អំណោយ​ផល​ច្រើន​ដែរ»​។

លោក​បាន​លើក​ឡើង​ថា ​ទីក្រុង​ប្រទេស​កម្ពុជា​យើង​បាន​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ទាំង​នេះ​តាំង​ពី​ សតវត្សរ៍​ទី៦ សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ​ការ​បោះ​បង់​ទីក្រុង​អង្គរបុរី​ ការ​ធ្លាក់​ចុះ​អំណាច​ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ក៏​ដោយ​សារ​ទឹក​លិច​ដែរ​។​ លោក​បន្ត​ថា ​នៅ​តំបន់​លង្វែក​ និង​តំបន់​ចតុមុខ​ក៏​ដូច​គ្នា​ដែរ​ ទាំង​អស់​នេះ​ជា​បទពិសោធ​គួរ​តែ​យើង​ពិចារណា​ឡើង​វិញ​។

លោក​បញ្ជាក់​ថា ​អតីត​អ្នក​ជំនាញ​អភិវឌ្ឍន៍​ទីក្រុង​ សាស្រ្តាចារ្យ ​វណ្ណ​ មូលីវណ្ណ បាន​លើក​ឡើង​ថា អ្នក​វិនិយោគ​ហាក់​បីដូច​ជា​មិន​សូវ​យក​គំនិត​នេះ​ទៅ​ពិចារណា​ទេ​ គឺ​គិត​តែ​ពី​ផលប្រយោជន៍​បុគ្គល​ជា​ធំ ហើយ​ណា​មួយ​ដីធ្លី​តំបន់​ភាគ​ខាង​លិច​ និង​ខាង​ជើង​មាន​តម្លៃ​ថោក​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទិញ​បាន​ច្រើន​ ខុស​ពី​ដីធ្លី​នៅ​តំបន់​ភាគ​ខាង​ត្បូង​មាន​តម្លៃ​ថ្លៃ​ទិញ​បាន​តិច​។

លោក​បន្ត​ថា ​អ្នក​វិនិយោគ​គួរ​តែ​ចាប់​ផ្តើម​បន្ត​ការ​វិនិយោគ​ទៅ​តាម​អ្វី​ដែល​លោក​ វណ្ណ​ មូលីវណ្ណ​ បាន​លើក​ឡើង​ទើប​ជា​ការ​អភិវឌ្ឍ​ទីក្រុង​មួយ​បាន​ល្អ ​បើ​អ្នក​ជំនាញ​បច្ចេកទេស​ធំៗ​គិត​បែប​នេះ​រាជរដ្ឋាភិបាល​ក៏​គួរ​តែ​ ធ្វើ​តាម​ ហើយ​ក៏​គួរ​តែ​គិត​ពី​អនាគត​កាល​ច្រើន​ជាង​បច្ចុប្បន្ន​។

លោក​ ឌឹត ចាន់ណា​ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​វីអឹមស៊ី​ បាន​មាន​ប្រសាសន៍​ថា អ្នក​​មាន​ជំនាញ​ខាង​អភិវឌ្ឍន៍​ទីក្រុង​ដូច​ លោក​សាស្រ្តាចារ្យ ​វណ្ណ មូលីវណ្ណ​ បាន​មើល​ឃើញ​វែង​ឆ្ងាយ​សម្រាប់​ការ​រស់​នៅ​របស់​ប្រជាជន ​ប៉ុន្តែ​បើ​ពិនិត្យ​មើល​ជាក់​ស្តែង​ឃើញ​ថា សំណង់​អគារ​រោង​ចក្រ​ឧស្សាហកម្ម​នៅ​ភាគ​ខាង​លិច​ និង​ខាង​ជើង​រីក​ដុះ​ដាល​ច្រើន​ទៅ​វិញ​ដោយ​ទីនោះ​​ងាយ​ស្រួល​ ក្នុង​ការ​នាំ​ទំនិញ​ចេញ​តាម​រយៈ​កំពង់​ផែ​ ព្រះសីហនុ​ និង​កំពត​ ប៉ុន្តែ​បើ​គិត​ពី​អនាគត​វែង​ឆ្ងាយ​គំនិត​របស់​លោក​សាស្រ្តាចារ្យ គឺជា​គំនិត​ ដែល​ត្រឹម​ត្រូវ​បំផុត​។

លោក​បន្ត​ថា ការ​រីក​ចម្រើន​ទីក្រុង​សព្វ​ថ្ងៃ​អាច​និយាយ​បាន​ថា​ ជា​ការ​ជាក់​ស្តែង​និយម ដោយ​គេ​ពុំ​បាន​គិត​ពី​អនាគត​ទីក្រុង​វែង​ឆ្ងាយ​ឡើយ​ បើ​តំបន់​ណា​មាន​ឧស្សាហ​កម្ម​រោងចក្រ​​កើត​ឡើង​ច្រើន​លំនៅដ្ឋាន​ក៏​កើត​ ច្រើន​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្ទះ​ជួល​ក៏​ល្អ​ដែរ​។

លោក​បញ្ជាក់​ថា​៖​«​ខ្ញុំ​គិត​ថា​ ក្នុង​រយៈ​ពេល​ពី​៥​ទៅ​១០​ឆ្នាំ​ទៀត​ ការ​រីក​ទីក្រុង​ទៅ​ខាង​លិច ​និង​ខាង​ជើង​នៅ​តែ​ច្រើន​ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត​គំនិត​លោក​ វណ្ណ ​មូលីវណ្ណ​ អាច​នឹង​ល្អ​ជាង​ការ​គិត​របស់​ពួក​យើង​ខ្ញុំ​។ ​ឧស្សាហកម្ម​រោងចក្រ​មិន​មែន​ជា​ទិស​ដៅ​សម្រាប់​ការ​វិនិយោគ​នៅ​តំបន់​ភាគ​ ខាង​ត្បូង​នោះ​ទេ​»។

លោក​ប្រាប់​ទៀត​ថា​ តម្លៃ​ដី​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​តា​ខ្មៅ​បច្ចុប្បន្ន​ មាន​តម្លៃ​ចន្លោះ​ពី​៤០០​ទៅ​៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ និង​តំបន់​លំនៅដ្ឋាន​ខាង​ក្នុង​ផ្លូវ​តូចៗ​តម្លៃ​ចន្លោះ​ពី​១០០​ទៅ​១៥០​ ដុល្លារ​ តម្លៃ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ភាគ​ខាង​លិច​ និង​ខាង​ជើង​ក្រុង​ដែរ ​ប៉ុន្តែ​សកម្មភាព​ទិញ​ដូរ​បែ​ជា​តិច​តួច​ទៅ​វិញ៕
ប្រភព៖ ភ្នំពេញបុស្ដិ៍

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.